February 19, 2013

ប្រជុំសុភាសិតខ្មែរ​ (ឃ)



ឃាត់​កំហឹង​ដោយ​ប្រឹង​អត់​អោយ​បាន​ ឃាត់​ពាល​សាមាន្យ​ដោយ​អាជ្ញាបុគ្គល​ ឃាត់​ចិត្ត​ចាកទោសា ប្រសើរ​ថ្លៃ​ថ្លា​ក្នុង​លោកិយ។
ឃាត់​ចិត្ត​ចាកក្តី​ស្នេហា ក្នុង​កាមតណ្ហានា​លោកិយ ដូច​យក​អំបោះ​ចង​ដំរី​ ពិបាក​ពេក​ក្រៃ​គួរ​វៀរ​មុន។
ឃ្លាតកាយ ណាយចិត្ត។
ឃ្លានឆ្ងាញ់ ស្រលាញ់ល្អ។
ឃុបឃិត​ជន​ពាល ​រាល​ទុក្ខ​ដល់ខ្លួន។
ឃុប​ឃិត​បណ្ឌិត​ សុខ​មួយ​ជិវិត​ឥតទុក្ខា​។
ឃើញ​ខ្លា​ដេក​ថា​ខ្លា​ស្លាប់ ឃើញ​ខ្លា​ក្រាប​ថា​ខ្លា​សំពះ។
ឃើញ​គេ​ទៅ​កុំ​អោយ​ខាន ឃើញ​គេ​បាន​កុំ​អោយ​ទៅ។
ឃើញ​ឈើ​ពុក​ កុំ​អាល​ដាក់​គូទ​អង្គុយ (ឬ កុំ​អាល​ដាក់​គូទ​លើ)។
ឃើញ​ដំរី​ជុះ​ កុំ​ជុះ​តាម​ដំរី (ឬ ដំរី​ជុះ​ កុំ​ជុះ​តាម​ដំរី)។
ឃើញ​ថ្លុក​ថាជា​ថ្នល់ ក្រែង​កំហល់​កំហុស​មាន។
ឃើញ​ពីនាយ​កុំ​អាល​ទាយ​អាក្រក់​ល្អ លុះ​ឃើញ​ជាក់ជា​ខ្មៅ​ស ទើបថាបាន​ បើ​បណ្តោយ​តាម​គំនិត​ដែល​គិត​ស្មាន​ នឹង​រំខាន​ព្រោះ​ការ​ខុស​កំហុស​ខ្លួន។
ឃើញ​សម្បក​ថា​ខ្លឹម​រុក្ខា​ យល់​ពួក​បច្ចា​ថា​ជាមិត្រ​ ពាល​ប្រឡំ​ថា​បណ្ឌិត​ ច្រឡំ​លាមក​ពិតថាបុប្ផា។
ឃ្លាន​កុំអាល​ស៊ី ងងុយ​កុំ​អាល​ដេក​ យប់កុំអាលនិយាយជាមួយស្រី​។
ឃ្លាន​ក្រៃ​ណា​ឆ្ងាញ់​ ស្រឡាញ់​ក្រៃ​ណា​ល្អ (ឬ ពិសា​ក្រៃ​ណា​នឹង​ឃ្លាន អាក្រក់ប៉ុន្មាន​ក្រៃ​ណា​នឹង​ចិត្ត)។
ឃ្លេ​មិន​ខ្លាច​ ទៅ​ខ្លាចខ្លា។ (រឿង​អាខ្វាក់​អាខ្វិន)
ឃ្លោក​លិច​ អម្បែង​អណ្តែត។
ឃ្វាលក្របី​ជិះ​ក្របី ឃ្វាលគោ​ជិះ​គោ។
ឃ្វាលចិត្ត​លំបាក​ពេក​ពិត​ ដូចឃ្វាលពពក។
ឃ្វាលគោ​ក្របី​ដោយ​អាជ្ញា ឃ្វាល​ចិត្តល្អ​ជា​ដោយ​អំណត់។
ឃ្វាល​ចិត្ត​ឥត​កំណាញ់​ ដោយ​លះ​បង់​កុំ​ប្រណី។
ឃ្វាល​នគរ​ដោយ​ពលរដ្ឋ​ប្រុសស្រី រួម​សាមគ្គី​តាម​រដ្ឋ​បុរស​ជាតិ។

គេហទំព័រ រៀនហើយសប្បាយ យើងខ្ញុំសូមអភ័យទោសប្រសិនបើមានកំហុសឆ្គង! Rean and Sabay is really sorry, if we have some mistakes!